បរាភវសូត្រ
បរាភវសូត្រ ជាព្រះសូត្រនិយាយពីសេចក្តីវិនាស ដែលប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាជនខ្មែរ តែងតែឧស្សាហ៍សូត្រ និងស្តាប់ជារៀងរាល់ឆ្នាំមិនដែលខានឡើយ។
តើព្រះពុទ្ធសម្តែងមែនទេ នៅក្នុងគម្ពីរណា?
-មែន ព្រោះមាននៅក្នុងគម្ពីរសុតន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ ៥៤ទំព័រ៣៦. ទាំងបាលី ទាំងសម្រាយ បរាភវសូត្រ ទី៦។
-សេចក្តីប្រែក្នុងព្រះត្រៃបិដក មិនមែនជាពាក្យកាព្យទេ តែព្រះសង្ឃសូត្រជាពាក្យកាព្យ តើពាក្យកាព្យនោះបានមកពីណា?
-បានមកពី ទស្សនាវដ្តីកម្ពុជសុរិយាឆ្នាំ ទី១៦ លេខ១១ November ១៩៤៤ (ក្បាលទី២)លោកគ្រូចៅអធិការ ឯក ញឹម វត្តធម្មស្សរារាម ឃុំសូទ្រនិគម ខេត្តសៀមរាប បានស្រង់យកគាថានានា ក្នុងគម្ពីផ្សេងៗ មានគម្ពីរធម្មបទ ខុទ្ទកនិកាយ ជាដើមមកប្រែរៀបរៀងធ្វើពាក្យ៨ អោយត្រូវតាមបាលី ក្នុងគាថាទាំងឡាយនោះៗ ដើម្បីជាប្រយោជន៍ ដល់ការសូត្រ ក្នុងទីប្រជុំបុណ្យទាំងឡាយ មានបុណ្យវិសាខបូជា ជាដើមផង ដើម្បីនឹងបានបោះពុម្ពផ្សាយ ចែកជាធម្មទាន ក្នុងឱកាសបុណ្យបញ្ចុះខណ្ឌសីមា វត្តធម្មស្សរារាម នៅថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំវកឆស័ក ព.ស២៤៨៧ ផងលុះរៀបរៀងរួចហើយ បានបង្ហាញដល់ពុទ្ធបរិស័ទទាំងឡាយ មានព្រះបំរុងភោគា តាន់ ឆេងស៊ុយ ជាដើម ពុទ្ធបរិស័ទទាំងឡាយនោះ លុះមើលឃើញរបៀបធម៌សព្វគ្រប់ហើយក៏កើតចិត្តជ្រះថ្លាបានចំណាយហិរញ្ញវត្ថុគ្រប់គ្នា តាមលំដាប់ទិសសីមាទាំង៩ទិស។បានបោះពុម្ពចែកជាធម្មទានក្នុងឱកាសបុណ្យបញ្ចុះសីមានោះ។សម័យនោះ មិនសូវសម្បូរក្រដាសទើបផ្ញើអត្ថបទ ជូនពុទ្ធសាសនបណ្ឌិត ឲ្យលោកចាត់ការបោះពុម្ពឡើងក្នុង ទស្សនាវដ្តីកម្ពុជាសុរិយា ឯរបៀបរៀបរៀងគាថាទាំងឡាយនោះដូច្នេះ
១- មង្គលសូត្រ ពួកធម៌សំដែងពីសេចក្តីចម្រើនមាន ១០គាថា
២- បរាភវសូត្រ ពួកធម៌សម្តែងពីសេចក្តីវិនាសមាន ១២ គាថា
៣- យុគគាថា ពួកគាថាសម្តែងពីធម៌ជាគូៗនឹងគ្នាមាន ១៦ គាថា
៤- បកិណ្ណកគាថា ពួកគាថាសម្តែងពីធម៌រាយរងមាន ៤៨ គាថា(សរុប ៨៦ គាថា)
សេចក្តីវិនាសមាន ៥យ៉ាង
១- ញាតិព្យសន: វិនាសញាតិ
២- ភោគព្យសន: វិនាសភោគសម្បត្តិ
៣- រោគព្យសន: វិនាសដោយសារោគ
៤- សីលព្យសន: វិនាសសីល
៥- ទិដ្ឋិព្យសន: វិនាសទិដ្ឋិ
វិនាស១២ក្នុងបរា ភាគ៥៤
១- អ្នកប្រាថ្នាធម៌រមែងចម្រើន អ្នកស្អប់ធម៌រមែងវិនាស។ (ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី បរាភវោ)។
២- មិនសេពគប់ស្រលាញ់សប្បុរស ទៅស្រលាញ់អសប្បុរស។ ៣- និយាយច្រើន ដេកច្រើន ខ្ជិល មិនឧស្សាហ៍ ប្រាកដតែខាងសេចក្តីក្រោធ។
៤- អ្នកមានស្តុកស្តមមិនចិញ្ចឹមមាតាបិតា។
៥- អ្នកបញ្ឆោត ព្រាហ្មណ៍ សមណៈ អ្នកស្មូម។
៦- អ្នកមានទ្រព្យច្រើន បរិភោគឆ្ងាញ់តែម្នាក់ឯង។
៧- រឹងត្អឹងដោយជាតិទ្រព្យ ត្រកូល មើលងាយញាតិខ្លួន។ ៨- អ្នកលេងស្រី ស្រា ល្បែង ញុំាំងទ្រព្យឲ្យវិនាស។
៩- មិនត្រេកអរនឹងប្រពន្ធខ្លួន ទៅត្រកអរនិងស្រីពេស្យា ឬខូចចំ ពោះប្រពន្ធគេ។
១០- បុរសមានវ័យចាស់ពេក យកស្រីក្មេងមកធ្វើភរិយា។
១១- តាំងបុរស ឬ ស្រីអ្នកលេងខ្ចះខ្ខាយ ក្នុឋានៈជាធំ។
១២- កើតក្នុងខត្តិយត្រកូល មានភោគៈតិចប្រាថ្នាធំ